Header Ads

ម្តាយ​​ទៅ​សុំ​ថ្នាំ​ដាក់​ភ្នែក​ទារក​អាយុ​១០​ថ្ងៃ គ្រូពេទ្យ​ឲ្យ​ថ្នាំផឹក​៦​ម៉ោង​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ទារក​ទើបតែ​កើត​បាន​រយៈពេល​១០​ថ្ងៃ មានជំងឺភ្នែក ត្រូវ​បាន​ម្តាយ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​«​ទួល​អំពិល​» ពេល​នោះ​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​រួច បានយក​ថ្នាំ​ឲ្យ​ទារក​នោះ​ផឹក ស្រាប់តែ​ល្ងាច​ឡើង​ទារក​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ពេល​ផឹកថ្នាំ​បាន​៦​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​​ស្រែក​ទ្រ​ហ៊ោ​យំស្ទើរ​ឆ្កួត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ផា​ន ឃុំ​ទួល​អំពិល ស្រុក​ប​រសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភព​ពី​ម្តាយ​របស់​សព​ទារក​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​ស្លាប់​នោះឈ្មោះ លី ចាន់​ច​ម្រើ អាយុ​១០​ថ្ងៃ និងស្ត្រី​កូនខ្ចីជាម្តាយឈ្មោះ ផុ​ន សារី អាយុ​២៤​ឆ្នាំ មានកូន​២​នាក់កូនប្រុស​បង​អាយុ​៣​ឆ្នាំ និង​ប្តី​ឈ្មោះ ចាន់ ភា​រុន អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ​រស់នៅភូមិ​ផា​ន ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើតាមស្ត្រី​ឈ្មោះ​ផុ​ន សារី ជា​ម្តាយ​ទារក​បាន​រៀបរាប់​ពី​ដំណើររឿង​អោយ​ដឹង​ថា កូន​របស់​គាត់​ទើបតែ​កើត​បាន​ត្រឹម​១០​ថ្ងៃ បាន​​ឈឺភ្នែក រូបគាត់​ក៏​បាន​នាំ​កូន​ទៅ​មណ្ឌល​សុខភាព​ទួល​អំពិល​ នៅវេលា​ម៉ោង​១១​ថ្ងៃ​ទី​២៣ មីនា ដើម្បី​សុំ​ថ្នាំ​ដាក់​ភ្នែក ពេល​ទៅ​ដល់​មណ្ឌល​សុខភាព ក្រុម​គ្រូពេទ្យ​បានប្រាប់ថាអស់ថ្នាំដាក់ភ្នែកហើយ ។ ស្រ្តីកូនខ្ចីជាម្តាយបន្តថា គ្រូពេទ្យ​ក៏បានហៅអោយចូល​ពិនិត្យ​ហើយ​ប្រាប់​ថា ទារកមិនមានឈឺភ្នែកអីទេ ហើយពេទ្យ​បន្តថា កូន​នឹង​ក្តៅខ្លួន​ហើយ រួច​ហើយ​ក៏​បាន​ឲ្យ​ថ្នាំ​មួយ​មុខ​ប្រភេទ​ស៊ី​រ៉ូ យក​ឲ្យ​ទារក​ផឹក​ទៅ ដោយបញ្ជាក់ទៅម្តាយពីពេលវេលាអោយទារកផឹកថ្នាំនៅ​ម៉ោង​១១​ថ្ងៃ​ម្តង និង​ម៉ោង​៩​យប់​ម្តងទៀត​ ។
ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​ដដែល​ក្រោយ​ស្តាប់​ការ​ណែនាំ​របស់​គ្រូពេទ្យ រូប​គាត់​ក៏​បាន​ច្រកថ្នាំ​ម្តង​អោយ​កូន​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ក្រោយ​ផឹកថ្នាំ​រួច​កូន​របស់​គាត់​បាន​ដេក​លក់ នៅ​ម៉ោង​៥​ល្ងាច រូប​គាត់​បាន​ដាស់​កូន​ឲ្យ​បោះ​ដោះ ពេល​នាង​លើក​កូន​មក​បីទើប​ដឹង​ថា កូន​តូច​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ មិន​ដាច់ខ្យល់​ស្លាប់​តាំងពី​ពេល​ណា ធ្វើ​អោយ​រូប​គាត់​មានការ​តក់ស្លុតយ៉ាងខ្លាំង បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ស្ទើរ​សន្លប់ ។
ក្រោយ​ទារក​ស្លាប់ ឳ​ពុក​ម្តាយ​​បាន​ទៅ​សួរនាំ​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ទួល​អំពិល​ថា កូន​អាយុ​១០​ថ្ងៃ ហេតុ​អី​ក៏​អោយ​ថ្នាំ​កូន​គាត់​ផឹក​រហូត​ដល់​ស្លាប់ គ្រាន់តែ​ភ្នែក​ឈឺ​ប៉ុណ្ណឹ​ង? ក្រុម​គ្រួ​ពេទ្យ​ឆ្លើយថា កុំ​និយាយ​អ៊ីចឹង កូន​គេ​កើត​ភ្លាម​ក៏​អាច​ផឹកថ្នាំ​នឹង​បាន​ដែរ! ហាម​និយាយ​បន្ទោស​លើ​ថ្នាំ ហើយគំរាមថា បើហ៊ាន​និយាយ ​គ្រូពេទ្យ​នឹង​ប្តឹង​ដាក់គុក​ក្រុម​គ្រួសារ​សព​ទារក​ទៀត​ផង ។ ចំណែកឯ​មន្ត្រី​ប៉ូលិស​វិញ​បាន​មក​សម្របសម្រួល​ជាមួយ​គ្រួសារ​នៃ​សព​ ដោយ​ពាំនាំ​យក​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល ហើយប្រាប់​ថា យក​លុយ​នឹង​ធ្វើ​បុណ្យសព​កូន​ទៅ​… កុំ​ប្តឹងផ្ដល់​អី! បើ​ប្តឹងមិន​អោយ​យក​សព​ទារក​ទៅ​បូជា​នោះ​ទេ ទុក​រហូត​ដល់​ដោះស្រាយ​រឿង​ចប់ ​ហើយ​​មិន​ដឹងថា​ពេល​ណា​ចប់នោះទេ ។
ស្ត្រី​រង​គ្រោះបានក៏​សូម​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​ក្រសួងសុខាភិបាល មេត្ដា​ជួយ​រក​យុត្តិធម៌​ផង និង​សុំចុះ​មក​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​ទាំងនេះ​ផង​ ។ ទោះជាយ៉ាងណា​អង្រុតនៅ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​បំភ្លឺ​ពី​ប្រធាន​មណ្ឌល​សុខភាព​ទួល​អំពិល​បាន​នៅឡើយ​នោះ​ទេ​ នាល្ងាចថ្ងៃទី២៥ មីនានេះ៕



No comments